Home » » គន្លឹះ​បី​យ៉ាង​ក្លាយ​ជា​អ្នក​រៀន​ពូកែ

គន្លឹះ​បី​យ៉ាង​ក្លាយ​ជា​អ្នក​រៀន​ពូកែ

Written By Build Bright University (BMC) on Saturday, June 22, 2013 | 10:46 PM

គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មិន​ចង់​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា​ឡើយ ពោល​គឺ​គ្រប់​គ្នា​​តែង​ប្រាថ្នា​ថា ទទួល​លទ្ធផល​ខ្ពស់​ ក្នុង​ការ​សិក្សា​ក្នុង​ទិសដៅ​ស្វែងរក​ការងារ​ប្រសើរ​ក្នុង​ពេល​អនាគត។ ដោយ​មាន​បទពិសោធន៍​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​សិក្សា ក៏​ដូច​ជា​ក្នុង​វិស័យ​អប់រំ លោក ទេពលីវីណា និស្សិត​ថ្នាក់ អនុបណ្ឌិត​ផ្នែក​ការ​បង្រៀន​នៅ​វិទ្យាស្ថាន​ភាសាបរទេស ​និង​ជា​ប្រធាន​​ផ្នែក​អប់រំ​ និង​​បណ្ដុះ​បណ្ដាល​​​​​​នៅ​ក្រុមហ៊ុន​ EdNiCHE បាន​ចែករំលែក គន្លឹះ​បី​យ៉ាង​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សិក្សា​ឲ្យ​បាន​ពូកែ ជូន​ទៅ​ដល់​សិស្ស ឬ​និស្សិត​ជំនាន់​ក្រោយ​អាច​ពិចារណា និង​អនុវត្ត​តាម។





លោកទេព លីវីណានៅក្នុងការិយាល័យ
១ កំណត់​គោលដៅ តាម​ការ​សង្កេត​របស់​លោក លោក​ឃើញ​ថា មិន​ថា​តែ​សិស្ស​ទេ សូម្បី​តែ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ខ្លះ មិន​ទាន់​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​ផង។ សម្រាប់​រូប​លោក​យល់​ថា ការ​កំណត់​គោលដៅ​ការ​សិក្សា​ជា​ប្រយោជន៍ ឲ្យ​អ្នក​សិក្សា​ប្រាកដ​ថា​លទ្ធផល​ការ​សិក្សា​របស់​ខ្លួន​ នឹង​ជួយ​ខ្លួន​ក្រោយ​បញ្ចប់ អាច​ជួយ​ជំរុញ​ឲ្យ​ការ​សិក្សា​ឈាន​ទៅ​មុខ​ឆាប់រហ័ស ព្រោះ​អ្នក​នឹង​រីករាយ​ក្នុង​ការ​សិក្សា អ្នក​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​សិក្សា​នេះ។ “ត្រូវ​តែ​ដឹងមុន​ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី ចង់​រៀន​អ្វី ហើយ​ថា​តើ​បើ​រៀន​មុខវិជ្ជា​នេះ​តើ​ទៅ​ធ្វើ​អ្វី​បាន​ខ្លះ? ធ្វើ​នៅ​កន្លែង​ណា?…”។ ពាក់ព័ន្ធ​នឹង​ការ​កំណត់​គោលដៅ​នេះ លោក លីវីណា បាន​បន្ត​ថា “កំណត់​តូចៗ​ហើយ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​តូចៗ​ហ្នឹង​សិន នោះ​គោលដៅ​ធំ​របស់​អ្នក​នឹង​សម្រេច​តាម​ហ្នឹង​ដែរ”។


២ សិក្សា​ពី​របៀប​រៀន លោក​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​មនុស្ស​ម្នាក់​អាច​មាន​ការ​ចូលចិត្ត​ដោយឡែក​ពី​គ្នា ដូច​នេះ មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​សិក្សា​ថា​ខ្លួន​ចូលចិត្ត​របៀប​រៀន​បែប​ណា ហើយ​អនុវត្ត​បែប​នោះ។ “អ្នក​អាច​ចូលចិត្ត​ស្ដាប់​ច្រើន មើល​តិច តែ​ម្នាក់​ទៀត​អាច​ដឹង​ថា​ខ្លួន​ចូលចិត្ត​មើល​ច្រើន ស្ដាប់​តិច (ស្ដាប់​ច្រើន​ធុញ) ខណៈ​ដែល​អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ ឬ​អនុវត្ត​ច្រើន​ទៅ​វិញ។ ការ​រៀន​តាម​របៀប​រៀន​ដែល​ខ្លួន​ពេញ​ចិត្ត​អាច​ទទួល​ប្រសិទ្ធភាព​ខ្ពស់។ ត្រង់​ចំណុច​នេះ លោក លីវីណា ក៏​ចែករំលែក​របៀប​រៀន​ដែល​ទទួល​ប្រសិទ្ធភាព​ជាង​គេ ដោយ​យោង​តាម​បទពិសោធន៍​ជាក់ស្ដែង​របស់​លោក​ថា “ទម្លាប់​រៀន​ដោយ​អាន​ឲ្យ​ច្រើន” គឺ​ល្អ​បំផុត ពោល​គឺ ការ​អាន​អាច​ឲ្យ​យើង​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ ។ យ៉ាង​ណា​មិញ ​ការ​ជ្រើសរើស​អ្វី​សម្រាប់​អាន​គឺ​រឹត​តែ​សំខាន់…អ្វី​ដែល​អ្នក​ពេញ​ចិត្ត​និង​មិន​ធ្វើ​ឲ្យ​អ្នក​ធុញ “អត្ថបទ​មាន​រូបភាព​ច្រើន? ប្រលោមលោក? បរិយាកាស​អាន​បែប​ណា​អ្នក​ចូលចិត្ត។ល។

៣​ ការ​រៀបចំ​ខ្លួន​ឲ្យ​រួចរាល់​ជានិច្ច​សម្រាប់​ការ​សិក្សា អ្នក​សិក្សា​ត្រូវ​ចេះ​រៀបចំ​និង​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការ​សិក្សា មិន​មែន​ទាល់​តែ​ដល់​ថ្នាក់​ទើប​​ដឹង​ថា​ត្រូវ​រៀន​អ្វី​នោះ​ទេ។ ការ​រៀបរយ​សម្រាប់​ការ​សិក្សា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​មាន​ជំនឿ​លើ​ខ្លួន​ក្នុង​ការ​សិក្សា ថែមទាំង​​បង្កើន​សក្ដានុពល​ក្នុង​ការ​ចាប់​យក​ចំណេះដឹង។ ការ​រៀបចំ​ខ្លួន​សម្រាប់​សិក្សា ក៏​ពាក់ព័ន្ធ​នឹង​ការ​ដែល​សិស្ស ឬ​និស្សិត ចេះ​អនុវត្ត​រំលឹក​មេរៀន​ដែល​សិក្សា​ពី​ថ្ងៃ​មុន ហើយ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ស្អែក។

គន្លឹះ​បី​យ៉ាង​ក្លាយ​ជា​អ្នក​រៀន​ពូកែ

តាមរយៈ​ការ​ចែករំលែក​នូវ​គន្លឹះ ទាំង​បី​ខាង​លើ របស់​លោក ទេព លីវីណា និស្សិត​ឆ្នើម​ទទួល​បាន​លិខិត​សរសើរ​រាល់​ឆ្នាំ​​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នេះ Sabay សង្ឃឹម​​ថា​​បទពិសោធន៍​នេះ​​នឹង​ក្លាយ​ជា​មធ្យោបាយ​មួយ​បន្ថែម​សម្រាប់​ជួយ​ការ​សិក្សា​របស់​មិត្ត​យុវវ័យ​ជា​សិស្ស និស្សិត​ជំនាន់​ក្រោយ​​ឲ្យ​កាន់​តែ​ទទួល​ជោគជ័យ​ជាក់​ជា​មិន​ខាន៕
Share this article :
Hello

Vision and Mission


ច្បាប់អនុញ្ញាត


Certificate


 

Support : AIT Center | Mr.Vatthana | Mas Template
Proudly powered by Mr. Kol Sovanvatthana
Copyright © 2011. AIT - All Rights Reserved
Design by Mr.Kol Sovanvatthana Published by Vatthana