ភ្នំពេញៈ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកបានក្លាយជាទីពេញនិយមរបស់ ប្រជាពលរដ្ឋកម្ពុជា គ្រប់វ័យ និងស្រទាប់វណ្ណៈ ដោយសារតែប្រព័ន្ធនេះបានជួយឲ្យពួកគេទទួលបាននូវព័ត៌មានទាន់ ហេតុការណ៍ តាមរយៈការផុសផ្សាយពីបណ្ដាជនទូទៅដែលឃើញហេតុការណ៍ផ្ទាល់ ការតាមដានព័ត៌មាននានា ការធ្វើមុខជំនួញអនឡាញ ក៏ដូចជាការបម្រើនូវចំណង់ចំណូលចិត្តបុគ្គលដូចជាការបង្ហោះរូបភាព វីដេអូ និងអត្ថបទជាដើម។
មានបុគ្គលិកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួនបានយកពេលវេលាម៉ោងធ្វើការរបស់ខ្លួន ទៅប្រើប្រាស់បណ្ដាញនេះទៅវិញ ដោយពួកគេហាក់បង្ហាញនូវទំនួលខុសត្រូវទាបក្នុងការបំពេញកិច្ច ការងាររបស់ខ្លួន ហើយបញ្ហានេះអាចធ្វើឲ្យក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋនោះបាត់បង់នូវផលិតកម្មការងារ និងចំណូលផងដែរ។
គួរឲ្យកត់សម្គាល់មានយុវវ័យមួយចំនួនបានសំញ៉ែងដល់បណ្ដាមិត្ត ដ៏ទៃទៀត តាមរយៈការបង្ហោះរូបភាពដែលបង្ហាញអំពីភាពច្រឡោងខាមរបស់ខ្លួន ដោយក្នុងនោះមានដូចជាការប្រើប្រាស់ថ្នាំញៀន ការបង្ហោះម៉ូតូ ការប្រើប្រាស់អាវុធ (ដាវ កាំបិត កាំភ្លើង ល។ល) និងសកម្មភាពមួយចំនួនដែលសង្គមខ្មែរមិនអាចទទួលយកបាន។ ចំពោះក្មេងស្រីមួយចំនួនបានថតរូបស៊ិចស៊ីស្រើបស្រាល រួចបង្ហោះក្នុងបណ្ដាញសង្គមនេះក្នុងគោលដៅអោយគេចុចចូលចិត្ត (like) លើរូបភាពរបស់ខ្លួន។
កត្តាខាងលើនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកបានជួយជម្រុញឲ្យសីលធម៌ក្នុងសង្គម ខ្មែរកាន់តែធ្លាក់ចុះដុនដាបមួយកម្រិតទៀត ហើយវាជារឿងដ៏គួរឲ្យព្រួយបារម្ភមួយផងដែរ ដោយសារតែយុវវ័យមានឈ្មោះជាទំពាំងស្នងឬស្សី និងសរសរទ្រូងប្រទេសជាតិ បែរជាងប់ងល់ក្នុងការប្រើប្រាស់បណ្ដាញសង្គមនេះដោយមិនយល់អំពី តម្លៃផ្ទាល់ខ្លួន និងសង្គមទៅវិញ។
សព្វថ្ងៃ ហ្វេសប៊ុកបានក្លាយជាលេណដ្ឋានថ្មីសម្រាប់ជនខិលខូចមួយចំនួនដែលមាន បំណងអាក្រក់ចង់បង្កាច់បង្ខូចឈ្មោះនរណាម្នាក់ ដោយពួកគេបានយករូបថតបុគ្គលនោះទៅកាត់តជារូបផ្សេងៗ ក្នុងគោលដៅបង្កាច់បង្ខូចដល់កេរ្ដិ៍ឈ្មោះ និងធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ទៃទៀតមានការយល់ ច្រឡំ ឬពួកគេបានបង្កើតគណនីក្លែងក្លាយហើយដាក់រូបបុគ្គលដែលគេស្អប់ រួចបង្ហោះនូវសកម្មភាពនានាដែលសង្គមមិនអាចទទួលយកបានជាដើម។ បញ្ហានេះបានធ្វើឲ្យបុគ្គលនោះខូចខាតនូវកិត្តិយសរបស់ខ្លួន យ៉ាងធ្ងន់ធ្ងរ ខណៈដែលខ្លួនគាត់មិនបានដឹងអ្វីទាល់តែសោះ ហើយបញ្ហានេះគឺកំពុងតែកើតមានពេញបន្ទុកក្នុងមជ្ឈដ្ឋានហ្វេសប៊ុក សព្វថ្ងៃ។
ទោះបីជាយើងសង្កេតឃើញថា ហ្វេសប៊ុកបានបង្ករនូវគុណវិបត្តិដល់សង្គមខ្មែរយ៉ាងណាក្ដី ក៏វានៅតែជាឧបករណ៍ដ៏សំខាន់មួយដែលបណ្ដាអ្នកប្រើប្រាស់បណ្ដាញ សង្គមភាគច្រើន មិនអាចខ្វះបាន ព្រោះតែមុខនាទីរបស់បណ្ដាញសង្គមមួយបានបម្រើដល់ផលប្រយោជន៍ មនុស្សជាតិច្រើនខ្លាំងណាស់ ហើយមិនមែនមនុស្សទាំងអស់ប្រើប្រាស់វាសម្រាប់តែក្នុងគោលដៅបង្ករជា គុណវិបត្តិឡើយ។ ប្រសិនបើមនុស្សប្រើប្រាស់ហ្វេសប៊ុកក្នុងគោលដៅត្រឹមត្រូវ នោះវានឹងផ្ដល់នូវផលប្រយោជន៍ជាច្រើន ហើយអ្នកអាចនឹងមានឱកាសដ៏ល្អពិសេសណាមួយដែលអ្នកធ្លាប់ប៉ងប្រាថ្នា ពីបណ្ដាញសង្គមមួយនេះផងដែរ។ ដោយ សន្យា






